ឆ្នាំ១៧៩២ ព្រះចៅយ៉តហ្វាស្ដេចសៀម បានផ្ញើសារបញ្ជាឲ្យចៅពញាបែន កេណ្ឌរាស្ត្រខ្មែរមួយម៉ឺននាក់យកទៅជីកស្រះប្រឡាយនៅក្រុងទេពបុរី។ រាស្ត្រខ្មែរកើតក្តីក្តៅក្រហាយនឹងការជិះជាន់របស់ពញាបែន យ៉ាងខ្លាំង ក៏ប្ដឹងទៅព្រះកែវដួង ចៅហ្វាទែន ក្រឡាហោមប៉ុក មន្ត្រីខ្មែរដែលស្ដេចសៀម ថែរក្សានៅក្រុងទេពបុរី នោះ ឲ្យទូលសុំស្ដេចសៀម អនុញ្ញាតថ្វាយព្រះអង្គអេង បានវិលត្រឡប់មកគ្រប់គ្រងក្រុងកម្ពុជា វិញ ដើម្បីឲ្យរាស្ត្រ និងពុទ្ធសាសនិកបានសុខរៀងទៅ។ ស្ដេចសៀម ក៏យល់ព្រមតាមសំណើ។
ឆ្នាំ១៧៩៣ ព្រះពុទ្ធយ៉តហ្វា ទ្រង់បំបួសព្រះអង្គអេង និងបុត្រព្រះអង្គពីរអង្គទៀត។ បួសបានមួយវស្សា ក៏ចាកផ្នួសមកវិញ។ ឆ្នាំ១៧៩៤ ស្ដេចសៀម ក៏បានរៀបចំអភិសេកព្រះអង្គអេង ជាស្ដេចផែនដីក្រុងកម្ពុជា នៅក្រុងទេពបុរី ប្រទេសសៀម ហើយថ្វាយព្រះនាមថា សម្ដេចព្រះនារាយ៍រាមាធិបតីសិរីសុរិយោពណ៌ ហើយក្រឡាហោមប៉ុក ជាព្រះធម្មបិតា ត្រូវតែងតាំងជាសម្ដេចចៅហ្វាទឡ្ហះ ជំនួសចៅហ្វាបែន ដែលត្រូវតាំងជាស្ដេចត្រាញ់ឈរត្រួតខេត្តបាត់ដំបង មានងារជាចៅពញាអភ័យធិបេសវិសេសសង្គ្រាម នោះ។ ព្រះចៅសៀម ទ្រង់ថ្វាយព្រះខ័ន និងគ្រឿងឥស្សរិយយសទាំងអស់មកវិញ រួចបញ្ជាទ័ពខ្មែរ-សៀម ដង្ហែព្រះអង្គអេង វិលត្រឡប់មកកម្ពុជា វិញ។ មកដល់ប្រទេសកម្ពុជា ព្រះអង្គត្រូវរៀបចំអភិសេកម្តងទៀត។
ចំណែកពញាបែន "ខ្មែរខ្ញុំសៀម" ដែលសៀម តាំងជាស្ដេចត្រាញ់លើខេត្តបាត់ដំបង នោះ មិនព្រមធ្វើការជាចំណុះក្រុងកម្ពុជា ទេ។ ពញាបែន លបសរសេរសំបុត្រទៅទូលស្ដេចសៀម ឲ្យសុំខេត្តបាត់ដំបង សៀមរាប ឡើងផ្តាច់ទៅសៀម។ ស្របតាមគំនិតសៀម ដែលប៉ងលេបទឹកដីខ្មែរឲ្យសូន្យផង ស្ដេចសៀម ក៏ធ្វើសារផ្ញើមកព្រះអង្គអេង។ ដំបូងព្រះអង្គអេង មិនព្រមប្រគល់ឲ្យទេ តែដល់ស្ដេចសៀម គំរាមជាច្រើនលើក ហើយដាក់ការគាបសង្កត់ផ្សេងៗទៀតផង ព្រះអង្គអេង ក៏ព្រមប្រគល់ឲ្យ ប៉ុន្តែបានបញ្ជាក់ថា សុំថ្វាយតែមួយរាជ្យព្រះចៅយ៉តហ្វា ប៉ុណ្ណោះ។
គឺដោយសារតែខ្មែរបែកបាក់គ្នា ចៅពញាបែន លោភលន់ឥតអៀនខ្មាសនេះហើយ ដែលធ្វើឲ្យទឹកដីខ្មែរ គឺខេត្តបាត់ដំបង មហានគរសៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម នៅឆ្នាំ១៧៩៥ ហើយទឹកដីនេះត្រូវនៅក្រោមការត្រួតត្រារបស់សៀម រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់ឲ្យខ្មែរវិញ។
ឯកសារមហាបុរសខ្មែរបញ្ជាក់ថា ឆ្នាំ១៧៩៥ ព្រះអង្គអេង បានយាងទៅប្រទេសសៀម ហើយគង់នៅទីនោះអស់រយៈពេលពីរខែ ដើម្បីសុំទាមទារយកដីខ្មែរខាងលើមកវិញ ប៉ុន្តែសៀម មិនព្រមប្រគល់ឲ្យ។
ព្រះអង្គក៏យាងត្រឡប់មកវិញ ហើយបានតែមួយឆ្នាំក្រោយប៉ុណ្ណោះ ព្រះអង្គទ្រង់ប្រឈួន ហើយសុគតក្នុងព្រះជន្ម ២៥ព្រះវស្សា។ ព្រះអដ្ឋិធាតុព្រះអង្គត្រូវបានគេបញ្ចុះនៅចេតិយទន្ទឹមខាងកើត នៅលើភ្នំព្រះរាជទ្រព្យ គឺភ្នំឧត្តុង្គសព្វថ្ងៃនេះ៕
No comments:
Post a Comment