ប្រសូត្រនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺជាព្រះរាជបុត្រច្បងរបស់សម្តេចព្រះនរោត្តម សុរាម្រិត និងព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គបានសិក្សានៅសាលាបារាំង នៅភ្នំពេញ ហើយបន្ទាប់មក នៅវិទ្យាល័យបារាំង នៅព្រៃនគរ មុននឹងត្រូវបារាំង ដែលជាមហាអំណាចអាណានិគមលើកម្ពុជា ជ្រើសរើសឲ្យឡើងគ្រងរាជ្យ នៅខែមេសា ឆ្នាំ១៩៤១ បន្តពីព្រះបាទមុនីវង្ស ដែលចូលទិវង្គត។ នៅពេលនោះ ព្រះបាទព្រះនរោត្តម សីហនុ ទើបនឹងព្រះជន្មតែ ១៨ព្រះវស្សាតែប៉ុណ្ណោះ។
មានមតិជាច្រើនយល់ថា ការដែលបារាំងជ្រើសរើសព្រះបាទនរោត្តម សីហនុ ឲ្យឡើងសោយរាជ្យ ដោយរំលងព្រះបិតារបស់ព្រះអង្គ គឺសម្តេចព្រះនរោត្តម សុរាម្រិត បែបនេះ គឺដោយសារតែបារាំងគិតថា ព្រះអង្គ ជាព្រះអង្គម្ចាស់វ័យក្មេង វក់ចិត្តតែនឹងសិល្បៈចម្រៀង ភាពយន្ត មិនសូវរវីរវល់នឹងរឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួលក្នុងការបង្គាប់បញ្ជា។ បើសិនជាបែបនេះមែន បារាំង គឺពិតជាយល់ខុស ហើយប្រាកដជាខកចិត្តមិនតិចទេ ពីព្រោះថា ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះហើយ ដែលក្រោយពីបានឡើងគ្រងរាជ្យ បានតស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេច នៅឆ្នាំ១៩៥៣។
ពីរឆ្នាំក្រោយទទួលបានឯករាជ្យ ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ទៅឲ្យព្រះបិតារបស់ព្រះអង្គ គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅបង្កើត និងដឹកនាំចលនា "សង្គមរាស្រ្តនិយម" ហើយទទួលងារជា "សម្តេចព្រះឧបយុវរាជ"។ ចាប់ពីពេលនោះមក សម្តេចព្រះនរោត្តម សីហនុ បានកាន់អំណាចជាប់រហូត ជានាយករដ្ឋមន្រ្តីផង និងជាប្រមុខរដ្ឋផង រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវបានក្រុមរបស់សេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែង ក្នុងពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ច នៅទីក្រុងម៉ូស្គូ សហភាពសូវៀត។
ក្រោយពីត្រូវទម្លាក់ពីតំណែង ព្រះអង្គបានយាងចេញពីម៉ូស្គូ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន បង្កើតជារណសិរ្សរួបរួមជាតិកម្ពុជា រួមជាមួយនឹងក្រុមខ្មែរក្រហម ហើយបានប្រកាសអំពាវនាវឲ្យប្រជាជនកម្ពុជារត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបបលន់ នល់។
ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ រំលាយរបបសាធារណរដ្ឋខ្មែរ ហើយបង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ ដោយមានសម្តេចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយឆ្នាំក្រោយមក នៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គបានលាលែងចេញពីតំណែងជាប្រមុខរដ្ឋ ហើយត្រូវរដ្ឋាភិបាលខ្មែរក្រហមបង្ខំឲ្យគង់តែនៅក្នុងវាំង ក្នុងទីក្រុងភ្នំពេញ រហូតដល់ខែមករា ឆ្នាំ១៩៧៩។
មុនពេលកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយចូលដល់ទីក្រុងភ្នំពេញ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ តាមយន្តហោះ ទៅកាន់ទីក្រុងប៉េកាំង ហើយនៅឆ្នាំ១៩៨២ ព្រះអង្គបានសុខព្រះកាយ ចូលកាន់តំណែងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យវិញ ដែលនៅពេលនោះ គឺជារដ្ឋាភិបាលនិរទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងវត្តមានរបស់វៀតណាម នៅកម្ពុជា។ សម្តេចព្រះនរោត្តម សីហនុ ក៏បានបង្កើតចលនាតស៊ូមួយផ្ទាល់របស់ព្រះអង្គដែរ គឺរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការ ដែលហៅកាត់តាមភាសាបារាំងថា FUNCINPEC។
No comments:
Post a Comment