khmer Update93

hello.im going to make page khmer

Tuesday, April 10, 2018

ប្រវត្តិ​ជំរំ​ជនភៀសខ្លួន​ខ្មែរ ខៅអ៊ីដាង

ខៅអ៊ីដាង ជា​ឈ្មោះ​ភ្នំ​មួយ ដែល​ឋិត​នៅ​ក្នុង​ឃុំ​ខូខ្លាន ស្រុក​តាផៈយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ ជើង​ភ្នំ​នេះ ធ្លាប់​ផ្ដល់​ជា​ទី​ជម្រក​ដល់​ជន​ភៀសខ្លួន​ខ្មែរ​រាប់​សែន​នាក់ ឲ្យ​បាន​ស្នាក់​អាស្រ័យ​ផុត​ពី​ទុក្ខ​ភ័យ ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កំពុង​រត់​គេច​ពី​សង្គ្រាម​​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ១៩៧៩ និង​ពេញ​មួយ​ទសវត្ស​ឆ្នាំ ១៩៨០។ អ្នក​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ជំរំ​នេះ​ខ្លះ បាន​ចាក​ចេញ​ឆ្ងាយ​ទៅ​រស់​នៅ​ឯ​ប្រទេស​ទី​៣ នៅ​អូស្ត្រាលី អាមេរិក និង​អឺរ៉ុប ដោយ​មិន​មាន​ឱកាស​បាន​មក​មើល​ទី​នេះ​ម្ដង​ទៀត។ ឯ​អ្នក​ខ្លះ​ទៀត ក៏​មាន​ឱកាស​បាន​មក​មើល​កន្លែង​នេះ​សា​ជា​ថ្មី ដើម្បី​រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​រឿងរ៉ាវ​ចាស់ៗ ដែល​គេ​មាន​រាប់​មិន​អស់ ក្នុង​ពេល​ដែល​គេ​ស្នាក់​នៅ​ទី​នេះ។

ខៅអ៊ីដាង ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ ៤០​គីឡូ​ម៉ែត្រ ខាង​ជើង​ស្រុក​អរញ្ញ ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយ​ប៉ែត កម្ពុជា បច្ចុប្បន្ន​នេះ ក្លាយ​ជា​ព្រៃ​ស្ងាត់​ជ្រងំ​មួយ មិន​ខុស​ពី​បទ​ចម្រៀង​មួយ​ឃ្លា ដែល​លោក កែវ សារ៉ាត់ ធ្លាប់​ច្រៀង​ពណ៌នា​អំពី​ទិដ្ឋភាព​ទី​នេះ កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ ១៩៨០ នោះ​ឡើយ។

ថ្វី​បើ​ពេល​នេះ ខៅអ៊ីដាង មាន​សភាព​ស្ងាត់​ជ្រងំ មិន​មាន​អ្វី​ជា​ទី​ចាប់​អារម្មណ៍​សណ្ដំ​ចិត្ត​ចំពោះ​មនុស្ស​ទូទៅ​រាប់​ពាន់​លាន​នាក់​ក្ដី ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ នៅ​តែ​ចាប់​អារម្មណ៍ និង​ចង​ចាំ​ឈ្មោះ​ខៅអ៊ីដាង ព្រោះ​ពួក​គេ​ធ្លាប់​ភៀសខ្លួន​មក​រស់​នៅ​ទីនេះ កាល​ពី​ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០។ ជា​រឿយៗ មាន​ពលរដ្ឋ​ខ្មែរ ដែល​ជា​អតីត​ជនភៀសខ្លួន​ខ្មែរ​នាំ​គ្នា​ទៅ​លេង​នៅ​ទី​នោះ។ ពួក​គាត់​ថតរូប​បង្ហោះ​លើ​ហ្វេសប៊ុក ជជែក​គ្នា​ពី​អនុស្សាវរីយ៍​ចាស់ និង​ទទួលទាន​អាហារ​ជុំ​គ្នា អម​ដោយ​ចម្រៀង​បទ ខៅអ៊ីដាង ដួង​ចិត្ត របស់​លោក កែវ សារ៉ាត់ ផង៖ «ដល់​ហើយ​នេះ រសៀល​រៃ​យំ​ហើយ»។

ពួក​គាត់​តែង​ព្យាយាម​ស្វែង​រក​ទីតាំង​ចាស់​នានា ដើម្បី​ចំណាំ ដូច​ជា ផ្ទះ មន្ទីរពេទ្យ អាគារ​រដ្ឋបាល និង​វត្តអារាម​ជា​ដើម។

ទោះ​ជា​ព្រៃ​ដុះ​ជិត​ទៅ​ហើយ​ក្ដី ក៏​ទី​នេះ​មិន​ត្រូវ​បាន​គេ​បោះបង់​ចោល​ទាំង​ស្រុង​ដែរ។ យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​ឆ្នាំ ២០១៦​មក អាជ្ញាធរ​ថៃ បាន​កសាង​អាគារ​មួយ​សម្រាប់​តម្កល់​ទុក​ប័ណ្ណ​សារ​នានា ទាក់ទង​នឹង​ជន​ភៀសខ្លួន​ខ្មែរ ដែល​ធ្លាប់​មក​ស្នាក់អាស្រ័យ​នៅ​ទីនេះ ពី​ចុង​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩៣។ អាគារ​នេះ​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​សិក្សា​អំពី​ប្រវត្តិ​ខៅអ៊ីដាង ដែល​ជា​ការ​រំឭក​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ប្រទេស​ថៃ រួម​ជា​មួយ​សហគមន៍​អន្តរជាតិ ជួយ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ខ្មែរ​ពេល​នោះ។

ជនជាតិ​ថៃ​មួយ​រូប ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​ទី​នេះ លោក ស៊ុមស៊ី ផៃអ៊ុបផ្លី ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ពេល​មជ្ឈមណ្ឌល​នេះ​បើក​ទ្វារ​នៅ​ឆ្នាំ ២០១៦​មក មាន​ភ្ញៀវ​មក​ទស្សនា​ជា​ហូរហែ។ ភ្ញៀវ​ទាំង​នេះ តែង​តែ​បាន​ចុះ​កំណត់ត្រា​អំពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្នុង​សៀវភៅ​រំឭក​អនុស្សាវរីយ៍ ដែល​តម្កល់​ទុក​នៅ​ទី​នេះ​ដែរ។ លោក ស៊ុមស៊ី (ផៃអ៊ុបផ្លី) បង្ហាញ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ថា ភាគ​ច្រើន​នៃ​អ្នក​មក​ទស្សនា​ទី​នេះ គឺ​ជា​អតីត​ជនភៀសខ្លួន​ខ្មែរ ដែល​ធ្លាប់​រស់​នៅ​ទី​នេះ។

ក្រៅ​ពី​អតីត​ជន​ភៀសខ្លួន ក៏​មាន​អ្នក​សិក្សា អតីត​អ្នក​ធ្វើការ​ឲ្យ​អង្គការ​អន្តរជាតិ ជន​ជាតិ​ថៃ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផង។ ក្នុង​សៀវភៅ​កត់ត្រា​ផ្ញៀវ យើង​ឃើញ​មាន​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ពីរ​រូប គឺ​លោក គង់ វិបុល និង​លោក អៀង សុផល្លែត បាន​ទៅ​លេង​អតីត​ជំរំខៅអ៊ីដាង​នេះ នៅ​ខែ​មករា ឆ្នាំ ២០១៧។

No comments:

Post a Comment