khmer Update93

hello.im going to make page khmer

Friday, April 20, 2018

អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)

តាមទស្សនៈថ្មី គេបានចាត់ទុកថា អរិយaafggetធម៌ ជាធម៌សំយោគរវាង វប្បធម៌ និងសង្គមធម៌ ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែតែប៉ុណ្ណោះទេ ។ យើងយល់ថាទស្សនៈនេះមានលក្ខណៈសមរម្យណាស់ ហើយយើងចង់យកមកអនុវត្តក្នុងកិច្ចការរបស់យើងនេះដែរ ដើម្បីបង្ហាញអោយអ្នកអានឃើញភាពនៃសង្គមខ្មែរយើងក្នុងសម័យកាលនីមួយៗ ។ ប៉ុន្តែក្នុងការធ្វើអោយសម្រេចបំណងរបស់យើងខាងលើនេះ យើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ។ យ៉ាងណាមិញ ឯកសារដែលយើងប្រើប្រាស់សម្រាប់ចងក្រងអរិយធម៌ខ្មែរសម័យក្រោយអង្គរនេះ ច្រើនតែជា រាជពង្សាវតារ ។ ដូចមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា រាជពង្សាវតារ ជាឯកសារអធិប្បាយអំពីដំណើរប្រែប្រួលរបស់ស្ដេចផែនដី ម្ល៉ោះហើយព័ត៌មានដែលយើងអាចស្រង់ចេញពីឯកសារប្រភេទនេះ ច្រើនតែសង្កត់ទៅលើរឿងរ៉ាវដែលទាក់ទងនឹងព្រះមហាក្សត្រ រាជវង្សានុវង្ស នាម៉ឺន ចម្បាំង ចំណែកឯព័ត៌មានដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ការរស់នៅ និងមែកធាងឯទៀតនៃវប្បធម៌និងសង្គមធម៌ មានតិចតួចស្ដួចស្ដើងណាស់ ។ តាមការសង្កេត សៀវភៅប្រវត្តិសាស្ត្រជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ដែលបានចងក្រងរួចមកហើយរហូតដល់ពេលនេះក៏ពុំអាចទៅដល់គោលដៅខាងលើនេះដែរ ។ ចំពោះយើងវិញ យើងពុំហ៊ានអះអាងថានឹងទៅដល់គោលដៅទាំងស្រុងនោះដែរ តែទោះបីមានកង្វះឯកសារយ៉ាងណាក៏ដោយក៏យើងនឹងខិតខំសាកល្បងដោយប្រើឯកសារដែលមានរួចមកហើយ ផ្សំជាមួយនឹងឯកសារបរទេសខ្លះ ដើម្បីធ្វើអោយសង្គមខ្មែរក្នុងអតីតកាលលេចរូបរាងឡើង​ចំពោះមុខអ្នកអានតាមលទ្ធភាពដែលយើងអាចធ្វើបាន ។ទោះបីជាលទ្ធិទេវរាជត្រូវខ្មែរបោះបង់ចោលជាស្ថាពរតាំងពីបដិវត្តន៍ នាយត្រសក់ផ្អែមមកម៉្លេះក៏ដោយ ក៏ព្រះមហាក្សត្រនៅមានលក្ខណៈពិសិដ្ឋពុំមានជនណាល្មើសបានឡើយ ហើយដែលគេនិយមហៅថា ព្រះសម្មតិទេព គឺថាជាជនខ្ពង់ខ្ពស់ផុតគេឬក៏ជា ទេវតា ដោយសន្មតក្នុងចំណោមមនុស្ស ជាអាណាប្រជានុរាស្ត្ររបស់ព្រះអង្គ ។ លក្ខណៈពិសិដ្ឋរបស់ព្រះមហាក្សត្រខាងលើនេះ គឺបានមកពីពិធី រាជាភិសេក អោយឡើងសោយរាជ្យសម្បត្តិ (trough la royaute) ។ ពាក្យ សោយ នេះខ្មែរពីបុរាណលោកបានប្រើជាហូរហែររៀងមក មានភស្តុតាងក្នុងសិលាចារឹកជាដើម តែលោកសរសេរថា ស្វេយ ទៅវិញ (ស្វេយវ្រៈ ធម៌្មរាជ្យ សិលាចារឹកប្រាសាទ លុះគ.ស.១០៤៩) ។ គួរគប្បីជ្រាបថាក្សត្រអង្គណាដែលមិនទាន់បានអភិសេក ហើយគ្រាន់តែបានទទួលរាជសម្បត្តិគ្រប់គ្រងអាណាប្រជានុរាស្ត្រជាបណ្ដោះអាសន្នសិននោះ តាមក្បួនលោកអោយហៅថា គ្រងរាជសម្បត្តិ ដូចជាករណីរបស់ ព្រះបរមរាជាទី២ចៅពញាយ៉ាត កាលដែលវាយរំដោះបានរាជធានីអង្គរពីកណ្ដាប់ដៃនៃទ័ពសៀម និងព្រះចន្ទរាជា កាលដែលមិនទាន់ច្បាំងឈ្នះស្ដេចកន ជាស្ថាពរនៅឡើយ ។ ម្យ៉ាងទៀត ប្រសិនបើអភិសេកក្នុងពេលធ្វើសង្គ្រាមលោកអោយហៅថា សង្គ្រាមាភិសេក ហើយប្រសិនបើអភិសេកក្រោយ​ដែលបានបង្ក្រាបខ្មាំងសត្រូវអោយរាបទាបលោកអោយហៅថា ប្រាប្តាភិសេក ទៅវិញ ។ ត្រង់នេះ គួរគប្បីជ្រាបថាក្សត្រ​ដែលអាចអភិសេកឡើងសោយរាជ្យពេញលក្ខណៈជាព្រះមហាក្សត្របានលុះណាតែមាន គ្រឿងសម្រាប់រាជ្យ គឺ ព្រះខាន់១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចក្សេត្រ។

No comments:

Post a Comment