khmer Update93

hello.im going to make page khmer

Saturday, April 14, 2018

ប្រវត្តិ​នៃ​ការ​សាង​ប្រាសាទ​ព្រះ​វិហារ

មាន​អ្នក​ខ្លះ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​បុព្វ​បុរស​ខ្មែរ​សាង​ប្រាសាទ​ព្រះ​វិហារ​នៅ​ជាយ​ដែន​នគរ​ម៉េ្លះ? ចម្ងល់​នេះ ត្រូវ​បណ្ឌិត អាំង ជូលាន ពន្យល់​ថា កាល​ពី​ពេល​សាង​សង់​ប្រាសាទ​នោះ ថៃ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

បណ្ឌិត អាំង ជូលាន ថ្លែង​បន្ត​ថា ស្នាដៃ​របស់​មហា​ក្សត្រ​នៅ​ក្នុង​សម័យ​កាល​នោះ មិន​មែន​មាន​ត្រឹម​តែ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ប៉ុណ្ណោះ​ទេ គឺ​មាន​រហូត​ទៅ​ដល់ លពបុរី, ភិម័យ និង​តំបន់​ដទៃ​ទៀត​ក្នុង​ទឹក​ដី​ថៃ​បច្ចុប្បន្ន​ផង​ដែរ។

ប្រាសាទ​ល្អ​វិចិត្រ​មួយ​នេះ​ត្រូវ​អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា បាន​សាង​ឡើង​នៅ​ក្នុង​អំឡុង​សម័យ​អង្គរ។

ឯកសារ​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែរ ប្រាសាទ​ព្រះ​វិហារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ព​ឆ្នាំ​២០០៨ បាន​កត់ត្រា​ថា ការ​សាង​សង់​នៃ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ត្រូវ​បាន​ផ្ដើម​ឡើង​ដោយ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ គឺ​ព្រះបាទ យសោវរ្ម័ន​ទី​១ ដែល​គ្រង​រាជ្យ​ពី​ឆ្នាំ​៨៨៩ ដល់​ឆ្នាំ​៩០០ នៃ​គ្រិស្ត​សករាជ។ ព្រះអង្គ​ជា​ព្រះ​ស្ថាបនិកទីក្រុង យសោធរបុរៈ ឬ​ទីក្រុង​អង្គរ​នៅ​សៀមរាប​សព្វ​ថ្ងៃ។

ឯកសារ​ដដែល​បន្ត​ថា ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​ស្ថាបនា​បង្ហើយ​តាម​ព្រះរាជ​បំណង​របស់​ព្រះបាទ សូរ្យវរ្ម័ន​ទី​១ ដែល​សោយ​រាជ្យ​ពី​ឆ្នាំ​១០០២ ដល់​ឆ្នាំ​១០៥០ នៃ​គ្រិស្ត​សករាជ ដោយ​ព្រះ​បរមគ្រូ​របស់​ព្រះរាជា​ខ្មែរ​អង្គ​នេះ ឈ្មោះ​ថា ព្រាហ្មណ៍ទិវាករបណ្ឌិត។ ព្រះ​បរមគ្រូ​ទិវារកបណ្ឌិត គឺ​ជា​គ្រូ​បាធ្យាយ និង​ជា​ទីប្រឹក្សា​ចាស់​ទុំ​ជាង​គេ​ម្នាក់ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ដែល​បាន​បម្រើ​រាជការ​តាំង​តែ​ពី​សម័យ​ជីតា​របស់​ព្រះបាទ សូរ្យវរ្ម័ន​ទី​១ មក​ម្ល៉េះ។ រីឯ​ព្រះបាទ សូរ្យវរ្ម័ន​ទី​២ ដែល​បាន​សោយ​រាជ្យ​ពី​ឆ្នាំ​១១១៣ ដល់​ក្រោយ​ឆ្នាំ​១១៤៥ នៃ​គ្រិស្ត​សករាជ ព្រះអង្គ​ក៏​បាន​សាង​សង់​បន្ថែម​លើ​ទម្រ​ចាស់​ដែរ។

សាស្ត្រាចារ្យ​ផ្នែក​សិលា​ចារឹក​នៅ​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត យាង វីរបុត្រ ឲ្យ​ដឹង​បន្ថែម​ថា ទាំង​លក្ខណៈ​សំណង់​ប្រាសាទ ទាំង​អត្ថបទ​សិលាចារឹក​ដែល​បាន​កត់ត្រា​ទុក និង​ដាន​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ស្ដីពី​រាជវង្សានុវង្ស​នៃ​មហា​ក្សត្រ ដែល​បាន​គ្រប់គ្រង​ប្រទេស​នា​ពេល​នោះ ជា​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ថា សុទ្ធ​តែ​ជា​ស្នាដៃ​ខ្មែរ​ទាំង​អស់។

ឯកសារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ ដដែល ឲ្យ​ដឹង​ទៀត​ថា ព្រះវិហារ​ជា​ប្រាសាទ​ដ៏​ធំធេង​អស្ចារ្យ​គួរ​ឲ្យ​ស្ញប់ស្ញែង​ក្រៃលែង ប្រកប​ដោយ​កម្រិត​បច្ចេកទេស​សាងសង់ និង​វិចិត្រ​សិល្បៈ​ក្បូរក្បាច់​រចនា​ល្អ​ប្រណីត ដែល​ត្រូវ​បាន​សាង​ឡើង​លើ​សំណង់​ប្រាសាទ​ចាស់ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​តេជ​បារមី​របស់​ព្រះ​ស្រីសិខារេស្វរៈ ឬ​អាទិទេព​នៃ​កំពូល​ភ្នំ។ ព្រះ​ស្រីសិខារេស្វរៈ បាន​ប្រសូត​ចេញ​ពី​ព្រះដ្រេស្វរៈ ឬ ភទ្រេស្វរៈ ដែល​ជា​ព្រះ​នាម​មួយ​ទៀត​របស់​ព្រះ​សិវៈ តំណាង​ដោយ​ព្រះ​សិវៈលិង្គ។

ឯកសារ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ខ្លឹមសារ​សិលា​ចារឹក​នៃ​ប្រាសាទ​ភ្នំ​ព្រះ​វិហារ បាន​បញ្ជាក់​ផង​ដែរ​ថា បូជនីយដ្ឋាន​ដ៏​បវរ​ដែល​ស្ថិត​លើ​កំពូល​ភ្នំ​នេះ ត្រូវ​បន្ត​ការ​សាង​សង់​នៅ​ឆ្នាំ​១០២៤ ហើយ​ក្នុង​ឱកាស​ដ៏​មហា​អ៊ឹកធឹក​នេះ ព្រះ​មហាក្សត្រ​ខ្មែរ បាន​យាង​ព្រះ​ដ្រេស្វារៈ នៃ​ទីក្រុង​លិង្គបុរៈ ឲ្យ​យាង​មក​ប្រថាប់​នៅ​លើ​កំពូល​ភ្នំ​ដ៏​ស័ក្ដិសិទ្ធិ​នេះ ដើម្បី​បីបាច់​ថែ​រក្សា​ទឹក​ដី​ខ្មែរ​ឲ្យ​បាន​គង់វង្ស និង​សម្បូរ​សប្បាយ​ដូច​ជំនាន់​មុន​ៗ។

ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ​ស្រីសិខារេស្វរៈ គឺ​ជា​ព្រះ​អាទិទេព​កំពូល​ថែ​រក្សា​នគរ​ខ្មែរ​ទាំង​មូល​នា​សម័យ​មហា​អង្គរ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​កាល​ពី​អតីត ព្រះ​រាជា​ខ្មែរ​គ្រប់​អង្គ​រមែង​យាង​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ ប្រារព្ធ​ពិធី​គោរព​បូជា​ចំពោះ​ព្រះ​អាទិទេព​ខាង​លើ ដើម្បី​និរន្តរភាព​របស់​ខ្មែរ និង​ពូជ​សាសន៍​ខ្មែរ៕

No comments:

Post a Comment